ចាស់ៗបាននិយាយតៗគ្នាថាបើឮឆ្កែលូ ឬ
ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា
ពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ
ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច
វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់ៗ គ្នា
ព្រោះឆ្កែមើលឃើញខ្មោច ។
ចង់ដឹងថា មូលហេតុអ្វីដែលនាំឲ្យឆ្កែអាចមើលឃើញខ្មោចនោះ សូមអានរឿងនិទានខាងក្រោម៖
យូរយារណាស់មកហើយ មានបុរសម្នាក់ទៅមើលគេលៀងមេមត់
ក៏បានដើរកាត់ក្បែរដីទួលកប់ខ្មោចមួយកន្លែងដែលមានព្រៃស៊ុម
ទ្រុម ស្រាប់តែមានខ្មោចស្រែកហៅគាត់។
ខ្មោច ៖ ពូ ៗ ផ្ដាំទៅប្រាប់ប្រពន្ធឲ្យឆាប់មកវិញផង ។
បុរស៖-(គាត់មិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើព្រងើយ) សួរថាហើយប្រពន្ធឯងនៅឯណា ?
ខ្មោច ៖ ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !
បុរស ៖ ចុះឯង ឲ្យអញប្រាប់នាងយ៉ាងម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ !
ក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោង
គឺជាថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ ។
ខ្មោចឲ្យប្រទាលនោះទៅបុរសនោះហើយ
ប្រាប់ទាំងឈ្មោះប្រពន្ធផងដើម្បីឲ្យគាត់បានជួយប្រាប់ឲ្យ ។
បុរសនោះ កាលបើបានប្រទាលប្រហោងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ
តែគាត់មិនតក់ស្លុតនោះទេ គឺ គាត់ចេះតែដើរទៅ ៗ
ដោយគ្មានភិតភ័យខ្លាចអ្វីឡើយ ។
គាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ
គាត់ឃើញខ្មោចស្រី ៗ កំពុងស៊ីពែសំណែន ដែលសែននៅពោរពេញ
ជាច្រើនគ្នា។
បុរសនោះក៏បានស្រែកហៅទៅតាមឈ្មោះដែលខ្មោចប្រុសបានផ្ដាំមក
ហើយបោយដៃហៅចំពីមុខខ្មោចស្រីតែម្ដង។
បុរស៖-ប្ដីហងឲ្យទៅផ្ទះឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !
ខ្មោចស្រី៖ (នឹកឆ្ងល់ថា ម៉េចក៏បុរសនោះមើលឃើញអញ ទើបដើរសំដៅទៅ)ចុះអ្នកឯង ម៉េចក៏មើលយើងឃើញ ?
បុរស ៖ (បុរសនោះក៏បង្ហាញប្រទាលប្រហោងទៅខ្មោច)នេះជាប្រទាលដែលប្ដីហងឲ្យអញ ទើបបានជាអញឃើញហ្នឹងណា ។
ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយក
ប៉ុន្តែបុរសនោះពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នា
ដណ្ដើមប្រទាលប្រហោងនោះ ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ
ប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះ
ឃើញតែស្ទុះស្ទាតែម្នាក់ឯង
ម្ល៉ោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត ។
លុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំ បុរសក៏ចង់រសាយដៃ
ក៏របូតប្រទាលនោះពីដៃទៅ ។ ខ្មោចស្ទុះប្រុងរើសយក តែពេលនោះ
ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ ។
ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ ។
ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ
បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ ។ មួយវិញទៀត
មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោង
ដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេង ៗ ។

No comments:
Post a Comment