មុនគឺជាជំងឺស្បែករយៈពេលវែង ហើយវាកើតឡើងនៅពេលឫសរោមបានកកស្ទះជាមួយកោសិកាស្បែកងាប់ និងជាតិខ្លាញ់ក្នុងស្បែក។ ហើយបន្ទាប់ពីមុនបានធ្លាយមុខហើយនោះ វានឹងបន្សល់នូវស្នាមក្រហូងដ៏ជ្រៅនៅលើស្បែក ឬហៅថាខ្មូតស៊ីមុខ។
ស្នាមខ្មូតអាចមើលឃើញយ៉ាងច្បាស់នៅលើមុខ ដែលវានឹងធ្វើឱ្យលោកអ្នកព្រួយចិត្ត បាត់បង់ជំនឿជាក់លើខ្លួនឯង និងកើតអារម្មណ៍បាក់ទឹកចិត្ត។ ស្នាមខ្មូតមិនអាចព្យាបាលជាដាច់តែមួយយប់នោះទេ ប៉ុន្តែជាមួយនឹងការថែទាំបានល្អប្រសើរ វានឹងបាត់ទៅវិញជាបណ្តើរៗ។
រឿងសំខាន់បំផុតដែលលោកអ្នកអាចធ្វើបានដើម្បីចៀសវាងស្នាមខ្មូតគឺ ទប់ស្កាត់វាកុំឱ្យកើតលើស្បែកមុខ។ លោកអ្នកអាចធ្វើវាបានតាមរយៈការលាងសម្អាតមុខឱ្យបានត្រឹមត្រូវ។ សម្អាតគ្រឿង Make Up និងលុបលាងមុខជាមួយប្រភេទទឹកលាងសម្អាតដែលមានជាតិអាស៊ីតសាលីស៊ី លីក (Salicylic) មុនពេលចូលគេង។ វានឹងបំបាត់ការស្ទះរន្ធញើសក្នុងស្បែកមុខ និងជួយទប់ស្កាត់មិនឱ្យកើតមុន។
* ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញៗដើម្បីលុបបំបាត់ស្នាមខ្មូត៖
១. លាបទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាមានគុណសម្បតិ្តព្យាបាលស្បែកពីធម្មជាតិ និងជួយឱ្យស្នាមខ្មូតបាត់ទៅវិញបន្តិចម្តងៗ។ លាបទឹកក្រូចឆ្មា ២៥ នាទីសឹមលាងទឹកសម្អាតមុខ ឬលោកអ្នកអាចទុកវាចោលមួយយប់ក៏បានសម្រាប់ធ្វើជាម៉ាសមុខ។ ធ្វើបែបនេះរាល់ថ្ងៃ ស្នាមខ្មូតនឹងបាត់ទៅវិញបន្តិចម្តងៗ។
២. ត្រដុសស្បែកមុខជាមួយនឹងម្សៅមេនំប៉័ង ឬម្សៅធ្វើនំ
យកម្សៅនេះ ២ ស្លាបព្រាបាយ លាយជាមួយទឹក រួចត្រដុសប្រហែល ២ នាទីសឹមលាងទឹកចេញ។ ធ្វើបែបនេះរៀងរាល់ថ្ងៃមុនពេលចូលគេង។
៣. ប្រើប្រាស់ទឹកឃ្មុំលាបលើមុខ
គេមិនប្រកាន់ពេលវេលា និងបរិមាណនោះទេ។ លោកអ្នកអាចលាបទឹកឃ្មុំបានតាមចិត្ត ពេលណាក៏បាន ក្នុងបរិមាណណាក៏បាន តែត្រូវធ្វើវារៀងរាល់ថ្ងៃ។
៤. សាកល្បងជាមួយប្រទាលកន្ទុយក្រពើ
លោកអ្នកគ្រាន់តែយកប្រេងធ្វើពីស្លឹកតែ ២ ដំណក់មកបន្តក់លើសាច់ប្រទាលកន្ទុយក្រពើ រួចយកមកបិតលើមុខរៀងរាល់យប់ជាការស្រេច។ ធ្វើរាល់ថ្ងៃរហូតទាល់តែលែងឃើញស្នាម។
៥. ប្រើដុំទឹកកកត្រដុសមុខឱ្យបាន ២ នាទីរៀងរាល់ថ្ងៃ។
៦. ប្រើទឹកខ្មេះប៉ោម
លាយទឹកខ្មេះប៉ោមជាមួយទឹកធម្មតាក្នុងកម្រិតល្មមពេញចិត្ត ផ្ទាល់ខ្លួន រួចដាក់វាក្នុងដុំសំឡីហើយយកទៅបិតជុំវិញតំបន់ខ្មូតស៊ីរៀងរាល់ យប់រហូតទាល់តែវាចាប់ផ្តើមបាត់ស្នាមខ្មូត៕

No comments:
Post a Comment